ជួបជាមួយSMEs អំពីបញ្ហាលទ្ធភាពទទួលបាន ហិរញ្ញប្បទាន

អគ្គនាយកឧស្សាហកម្មបានជួបប្រជុំជាមួយSMEs មកពីរាជធានីខេត្តក្រុងសរុបចំនួន ៣៦៨នាក់ (ទាញយកឯកសារ បញ្ជីវត្តមាន) ដើម្បីពិនិត្យពិភាក្សាអំពីបញ្ហាប្រឈមរបស់SMEs ក្នុងការទទួលបានហិរញ្ញប្បទាននៅថ្ងៃទី ០៤​ ខែវិឆ្ឆិកា​ឆ្នាំ២០១០។
មតិ និងខ្លឹមសារសំខាន់ៗលើកឡើងដោយSMEs រួមមាន៖

: -ធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុបញ្ជូនបុគ្គលិកវាយតម្លៃខ្វះបទពិសោធន៍ ជំនាញឯកទេសត្រឹមត្រូវពេលខ្លះខ្វះទាំងក្រមសីលធម៌វិជ្ជាជីវៈ និងធ្វើការវាយតម្លៃវត្ថុបញ្ចាំឬ គម្រោងទាបខុសគ្នាឆ្ងាយយ៉ាងខ្លាំង ពីតថភាពនៃតម្លៃទីផ្សារ។
-ការពិនិត្យវាយតម្លៃ និងពិចារណាលើគម្រោងឥណទាននៅពុំទាន់មានភាពរស់រវើកតាមប្រភេទនៃមុខជំនួញ ផែនការធុរកិច្ច និងកង្វះការស្ម័គ្រចិត្តចូលរួមចំណែកចែករំលែកហានិភ័យ ធុរកិច្ចខ្លះ ដើម្បីគោលដៅជួយអភិវឌ្ឈន៍ប្រទេស ជម្រុញការបង្កើតអាជីវកម្ម មុខជំនួញថ្មី និងបង្កើតការងារ។

-ធនាគារ​ ឬមីក្រូហិរញ្ញវត្ថុគួរយកចិត្តទុកដាក់ជាអាទិភាពលើផែនការធុរកិច្ច ដែលបានធ្វើដើម្បីផ្តល់កម្ចី។
-រដ្ឋាភិបាល និងដៃគូអភិវឌ្ឈន៍គួរជួយជម្រុញការបណ្តុះបណ្តាលដល់SMEs អំពីការរៀបចំផែនការធរុកិច្ចដែលធនាគារអាចទទួលយកបាន។

-រដ្ឋាភិបាលជាពិសេសក្រសួងឧស្សាហកម្ម គួរផ្តល់អាជ្ញាប័ណ្ណ ឬច្បាប់អនុញ្ញាតដែលមានរយៈពេលវែង ដើម្បីអោយSMEs អាចទទួលបានកម្ចីរយៈពេលវែង។

-SMEs ភាគច្រើនមានកង្វះព័ត៌មានអំពីលទ្ធភាពទទួលបានហិរញ្ញប្បទាន និងតម្រូវឱ្យរដ្ឋាភិបាលជួយកសាងសមត្ថភាពលើផ្នែកជាសហគ្រិន។

-គួរជំរុញឱ្យមានជម្រើសការធានា ឬវត្ថុបញ្ចាំផ្សេងៗឱ្យបានច្រើន ជៀសវាងទាមយកតែអចលនវត្ថុតែមួយមុខ។

-រដ្ឋាភិបាល និងដៃគូអភិវឌ្ឈន៌គួរជួយបង្កើតយន្តការចែករំលែកហានិភ័យជាមួយធនាគារ ដើម្បីបន្ទាបអត្រាការប្រាក់សំរាប់កម្ចីដល់សហគ្រិនSMEs

-SMEs គួររៀបចំប្រព័ន្ធគណនេយ្យត្រឹមត្រូវច្បាស់លាស់ ហើយធនាគារឬមីក្រូហិរញ្ញវត្ថុ គួរពិនិត្យតម្លៃទ្រព្យសកម្មរបស់SMEs ( Networth )ផងដែរក្នុងការផ្តល់កម្ចី

-គួរឱ្យកម្ចីរយៈពេលវែង ស្របតាមផែនការធុរកិច្ច និងតាមដំណាក់កាលនៃការអនុវត្តន៍គម្រោង
-គួរជម្រុញឱ្យអត្រាការប្រាក់មានភាពអនុគ្រោះដល់SMEs ដូចគ្នា និងបណ្តាប្រទេសនានា ជាពិសេសប្រទេសជិតខាងយើង។

-កម្ចី និងរយៈពេលសងប្រាក់ដើមត្រូវសមាមាត្រគ្នា និងលទ្ធផលអាជីវកម្មដែលបានប្រមាណទុកក្នុងផែនការធុរកិច្ច ដើម្បីឱ្យSMEs មានលទ្ធភាពគ្រប់គ្រាន់ក្នុងការរក្សាសាច់ប្រាក់ សម្រាប់ធុរកិច្ចរហូតដល់ពេលមានចំណេញ (Back even)។

-SMEs ចង់ដឹងថាតើធនាគារ ឬមីក្រូហិរញ្ញវត្ថុចង់បានលក្ខណៈអ្វីខ្លះពីSMEs ក្នុងការវិនិច្ឆ័យផ្តល់កម្ចីរបស់ខ្លួន។

-SMEs នៅកម្ពុជាមានបញ្ហាផលិតភាពធ្ងន់ធ្ងរ និងថ្លៃដើមផលិតកម្មខ្ពស់។បើថែមការប្រាក់ខ្ពស់មួយទៀត ប្រាកដជាគ្មានលទ្ធភាពប្រកួតប្រជែង និងទំនិញនាំចូលបានទេ។ តើរដ្ឋគួរធ្វើអ្វីខ្លះដើម្បីជួយលើកតំកើងផលិតកម្មក្នុងស្រុក?

-រាល់កម្ចីត្រូវបញ្ចាំអចលនវត្ថុ ការរត់ការបញ្ជាក់ប្លង់មានភាពស្មុគស្មាញយ៉ាងខ្លាំង និងមានតម្លៃខ្ពស់ណាស់ ប្រើពេលយូរ គួបផ្សំនឹងថ្លៃសេវាធនាគារទៀតធ្វើឱ្យមានបន្ទុកយ៉ាងធ្ងន់ធ្ងរចំពោះSMEs ក្នុងការទទួលបានហិរញ្ញប្បទាន។

-រដ្ឋាភិបាលគួរមានក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនការសកម្មភាពច្បាស់លាស់ដើម្បីជួយSMEs ក្នុងការទទួលបានហិរញ្ញប្បទានដែលមានលក្ខណៈអនុគ្រោះ។