SMEsពិភាក្សាជាមួយធនាគារក្នុងការទទួលហិរញ្ញប្បទាន

មានសហគ្រាសធុនតូច និងមធ្យម ប្រមាណ៦០០សហគ្រាសមកពីគ្រប់រាជធានី ខេត្ត និងក្រុង ចូលរួមក្នុងជំនួបធុរៈកិច្ច

ដ៏ធំមួយជាមួយស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ ប្រមាណ៥០គ្រឹះស្ថាន ដែលរៀបចំឡើងដោយអនុគណៈកម្មាធិការសហគ្រាសធុនតូច និងមធ្យម ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល រួមសហការជាមួយធនាគារជាតិកម្ពុជា ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិIFC និងសហគមន៍អឺរ៉ុប។ តំណាងរបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលបានបញ្ជាក់ថា នេះគឺជាវេទិការថ្នាក់ជាតិលើកទីមួយដែលជម្រុញឱ្យមានការជួបប្រាស្រ័យធុរៈកិច្ចរវាងអ្នកផ្តល់កម្ចី និងអ្នកខ្ចី ដើម្បីពិនិត្យពិភាក្សាស្វែងរកយុទ្ធសាស្រ្តបង្កើន លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ វេទិការត្រូវបានប្រកាសបើកឱ្យដំណើរការ និងដឹកនាំដោយផ្ទាល់ដោយឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីឧស្សាហកម្ម រ៉ែ និងថាមពល និងជាប្រធានអនុគណៈកម្មាធិការសហគ្រាសធុនតូច និងមធ្យម។ អង្គវេទិការបានដំណើរការដោយមានវាគ្មិនសំខាន់ៗដែលជាថ្នាក់ដឹកនាំកំពូលរបស់ ក្រសួង ស្ថាប័នរដ្ឋព្រមទាំងតំណាងរបស់គ្រឹះស្ថានធនាគារធ្វើបទបង្ហាញ និងបទអន្តរាគមន៍អំពីគោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗពាក់ព័ន្ធទៅនឹងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមហើយនិងការផ្តល់ហិរញ្ញប្បទាន ការបង្កើតលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និងមធ្យម។ បន្ទាប់មកវេទិការបានស្តាប់ និងពិភាក្សាអំពីបញ្ហាប្រឈម និងការលំបាកផ្សេងៗរបស់សហគ្រាសធុនតូច និងមធ្យមរបស់យើងនៅក្នុងការទទួលបានហិរញ្ញប្បទានពីធនាគារ។ វេទិការក៏បានស្តាប់ និងពិភាក្សាពីបញ្ហាប្រឈម និងការលំបាករបស់គ្រឹះស្ថានធនាគារ ដើម្បីជំរុញឱ្យមានការស្វែងយល់គ្នាទៅវិញទៅមកកាន់តែប្រសើរវាងសហគ្រាស និងគ្រឹះស្ថានធនាគារ។
ក្នុងឱកាសបិទវេទិការជាតិនេះ ឯកឧត្តម ម៉េង សក្តិធារ៉ា អគ្គនាយកឧស្សាហកម្មបានលើករបាយការណ៍បូកសរុបលទ្ធផលដូចតទៅ៖

១. បញ្ហាប្រឈមដែលសហគ្រាសធុនតូច និងមធ្យមជួបប្រទះសំខាន់រួមមាន៖
--ការលំបាកពាក់ព័ន្ធទៅនឹងកម្ចី ខ្វះទុនក្នុងការធ្វើអាជីវកម្ម និងក្នុងការពង្រីកអាជីវកម្ម និងការប្រាក់ខ្ពស់ ។
--ការលំបាកពាក់ព័ន្ធទៅនឹងបរិស្ថានធុរកិច្ចចំពោះការអនុវត្តបញ្ញត្តិកម្មច្បាប់ ច្បាប់តឹងតែង និង ច្បាប់អាជ្ញាប័ណ្ណច្រើនស្មុគ្រស្មាញ ចំណាយក្នុងការរត់ការ ចំណាយទៅរដ្ឋបាលផ្សេងៗ ។
--ការលំបាកនៅក្នុងដំណើរប្រតិបត្តិបត្តិការរបស់ខ្លួនដោយសារតែកម្រិតជំនាញបច្ចេកទេស ការយល់ដឹង ភាពជាសហគ្រិនរបស់យើង ផលិតភាពរបស់យើងទាប ធ្វើអោយចំណាយថ្លៃដើមផលិតកម្មយើងខ្ពស់ បូកបន្ថែមទាំងចំណាយថ្លៃទទួលបានហិរញ្ញប្បទាននេះ អត្រាការប្រាក់ខ្ពស់ រឹតតែធ្វើ អោយសហគ្រាសធុនតូច និងមធ្យមរបស់យើងនេះ ជួបមានការលំបាកយ៉ាងខ្លាំងក្នុងការប្រកួតប្រជែង នឹងសហគ្រាសធុនតូច និងមធ្យមបណ្តាប្រទេសជិតខាងថែមទៀត។

 

២. ខាងតំណាងគ្រឹះស្ថាន ស្ថាប័នហិរញ្ញវត្ថុ លើកពីការលំបាករបស់ខ្លួនសំខាន់ៗរួមមាន៖

--ត្រូវទទួលរ៉ាប់រងក្នុងការអនុវត្តច្បាប់ខាងធនាគារក្នុងការផ្តល់ឥណទានផ្សេងៗ
--ទទួលខុសត្រូវក្នុងការធានាដល់សុវត្ថិភាពក្នុងការដាក់ប្រាក់តំកល់ របស់សាធារណជនផ្សេងៗ
--គ្រឹះស្ថានហិរញ្ញវត្ថុអនុវត្តនូវស្តង់ដារ វិជ្ជាជីវៈមួយអោយច្បាស់លាស់ ទាមទារអោយមានឯកសារ ទាមទារអោយមានការពិនិត្យពិច័យទៅ លើការផ្តល់ឥណទាននេះអោយបានច្បាស់លាស់ ដើម្បីកុំអោយមានការខាតបង់
--បញ្ហាដែលលំបាកជាង គេគឺសហគ្រាសធុនតូច និងមធ្យមរបស់យើងភាគច្រើនគឺមិនមានលទ្ធភាព ក្នុងការផ្តល់របាយការណ៍ ហិរញ្ញវត្ថុ ប្រព័ន្ធគណនីដែលធនាគារអាចជឿទុកចិត្តបាន
--បញ្ហាមួយទៀតដែល ជាការលំបាកដែរ ពាក់ព័ន្ធទៅនឹងវត្ថុបញ្ចាំនេះ ក្រោយពីយើងមានច្បាប់ស្តីពី មតិសន្យាហើយ គ្រឹះស្ថានហិរញ្ញវត្ថុបានលើកឡើងដែរគឺយើងនៅខ្វះស្ថាប័នមួយទៀតដែលជា តុលាការពាណិជ្ជកម្ម ជាអ្នកជួយដោះស្រាយបញ្ហាវិវាតពាណិជ្ជកម្មនៅពេលពុំទាន់មានតុលាការ ពាណិជ្ជកម្មនេះឡើងធ្វើអោយដំណោះស្រាយពាក់ព័ន្ធនឹងជម្លោះអាជីវកម្ម ជម្លោះពាណិជ្ជកម្មមានការដោះស្រាយទៅលំបាក ដោយយើងត្រូវប្រើពេលវេលាយូរ ហើយចំណាយខ្ពស់នៅក្នុងការដោះស្រាយជាមួយតុលាការស៊ីវិលយើងធម្មតា

៣. "ជុំវិញការប្រឈម សំណូមពររបស់សហគ្រាសSMEក្នុងការទទួលបានហិរញ្ញវត្ថុ មាន៤ចំនុចសំខាន់ៗគឺ៖"

ទី១ ពាក់ព័ន្ធបែបបទនៃការខ្ចី
ទី២ ពាក់ព័ន្ធទឹកប្រាក់ដែលត្រូវខ្ចី
ទី៣ ពាក់ព័ន្ធរយៈពេលដែលត្រូវសង ហើយ
ទី៤ ពាក់ព័ន្ធអត្រាការប្រាក់ខ្ពស់

៤. ក្រោយពីជជែកបញ្ហានេះ វេទិការអាចឈានទៅរកការកសាងនូវស្ពានមួយដើម្បី ភ្ជាប់ភាគីទាំងសងខាង តាមរយៈអនុសាសន៍ដូចតទៅ៖

ទី១ តើគ្រឹះស្ថានហិរញ្ញវត្ថុគួរធ្វើអីខ្លះ ដើម្បីជួយបង្កើនលទ្ធភាព ផ្តល់ហិរញ្ញប្បទាននេះដល់សហគ្រាសធុនតូច និងមធ្យម?
--ទទួលយកនូវការប្រថុយប្រថាន អោយបានសមស្របនូវការរៀបចំនូវប្រព័ន្ធផ្តល់កម្ចីមួយ ដែលមានលក្ខណៈអនុគ្រោះដល់សហគ្រាសធុនតូច និងមធ្យមយើង
--ផ្តល់កម្ចីរយៈពេលវែងលើសពី៣ឆ្នាំ
--ផ្តល់អត្រាការប្រាក់ទាប
-- វត្ថុបញ្ចាំសុំអោយពិនិត្យលទ្ធភាពធ្វើម៉េចអោយមានជម្រើសច្រើនកុំអោយពឹងផ្អែកតែលើអចលនវត្ថុ

ទី២ តើសហគ្រាសធុនតូច និងមធ្យមត្រូវធ្វើអីខ្លះ?
--ប្តូរទំលាប់នៃការធ្វើធុរកិច្ចតាមបែបគ្រួសារនិយម ទៅជាធុរកិច្ចតាមបែបសហគ្រាសអាជីវកម្ម
--ខិតខំបណ្តុះ បណ្តាលជំនាញ បច្ចេកវិទ្យារបស់ខ្លួនឯងអោយច្បាស់លាស់
--បង្កើននូវភាពស្មោះត្រង់នៃការធ្វើធុរកិច្ច ពីព្រោះធនាគារពឹងផ្អែកលើភាពស្មោះត្រង់ របស់សហគ្រាសធុនតូចនិងមធ្យមហ្នឹងដែរនៅក្នុងការទទួលយកនូវភាពប្រថុយប្រថាន

ទី៣ តើរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍គួរជួយធ្វើអីដែរ ដើម្បីជួយជម្រុញកិច្ចការនេះ?
-- រដ្ឋាភិបាលគួរតែខិតខំយកចិត្តទុកដាក់ពិនិត្យធ្វើយ៉ាងណាកាត់បន្ថយ នូវបែបបទរដ្ឋបាលស្មុគស្មាញចំណាយលើការរត់ការក្រៅផ្លួវការសព្វបែបយ៉ាងអោយបានទាបបំផុត
-- រៀបចំបញ្ញត្តិកម្មអោយបានត្រឹមត្រូវ មានតម្លាភាព សម្រួលដល់ការចេញអាជ្ញាប័ណ្ណដែលមានរយៈ ពេលវែង កុំអោយអាជ្ញាប័ណ្ណវាខ្លី ទៅសុំច្រើន
--ជម្រុញការអនុវត្តច្បាប់ស្តីពីមតិសន្យានេះអាចអោយជម្រើសនៃការដាក់វត្ថុបញ្ចាំនេះអោយមានភាព ទូលំទូលាយ ជាពិសេសបង្កើតតុលាការ ពាណិជ្ជកម្មសំរាប់ជួយដោះស្រាយទំនាស់អាជីវកម្ម ប្រកបដោយប្រសិទ្ធភាពហើយនឹងទុកចិត្តបាន
-- ជួយជម្រុញកម្មវិធីបណ្តុះបណ្តាល សមត្ថភាពជាមួយសហគ្រាសធុនតូច និងមធ្យមរបស់យើង ដើម្បីលើកកំពស់សមត្ថភាព បច្ចេកទេស និងមុខជំនាញផ្សេងៗ
--ពិនិត្យលើការបង្កើតយន្តការចែករំលែកហានិភ័យពាក់ព័ន្ធនឹងធុរកិច្ចដំបូងក្នុងមួយឆ្នាំ ពីរឆ្នាំដំបូង ព្រោះសហគ្រាស ធុនតូច និងមធ្យមចាប់ផ្តើមធុរកិច្ចមួយឆ្នាំពីរឆ្នាំដំបូងមានអត្រាហានិភ័យខ្ពស់ ដើម្បីអោយជួយ ចែករំលែកហានិភ័យនេះជាមួយធនាគារ ដើម្បីអោយអាចធនាគារ អាចផ្តល់នូវហិរញ្ញប្បទានសំរាប់ការចាប់ផ្តើមធុរកិច្ចដំបូងនេះបានល្អប្រសើរដែរ

៥. តើយើងទាំងអស់គ្នាគួរធ្វើអ្វីខ្លះថែមទៀតក្រោយពីវេទិការនេះ?
--សហគ្រាសSME បានជួបប្រាស្រ័យទំនាក់ទំនងធុរៈកិច្ចដោយផ្ទាល់ជាមួយបណ្តាគ្រឹស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុជាច្រើនក្នុងឱកាសនៃវេទិការនេះ។ យើង សង្ឃឹមថាផ្តើមចេញពីទំនាក់ទំនងនេះ សហគ្រាសSMEនឹងបន្តធ្វើការចរចាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីធ្វើហិរញ្ញប្បទាន។
--ភាគី និងស្ថាប័នពាក់ព័ន្ធបានយល់ច្បាស់នូវអ្វីដែលគួរជំរុញអនុវត្តដើម្បីលើកកំពស់លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់SME សង្ឃឹមថាផ្តើមពីចំនុចនេះ ភាគីទាំងអស់នឹងខិតខំជំរុញអនុវត្តនូវកិច្ចការ និងអនុសាសន៍លើកឡើងទាំងអស់នោះដោយប្រសិទ្ធភាព និងចំទិសដៅ។
--គួរបន្តយន្តការជំនួបធុរៈកិច្ចនេះដើម្បីកសាងផែនការយុទ្ធសាស្រ្តរួមអំពីការជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់SME និងប្រើប្រាស់យន្តការនេះ ដើម្បីតាមដានត្រួតពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់SME។